កូនជាទីស្រឡាញ់
កាលកូនទៅបម្រើការរាជការ ឬទៅធ្វើការស៊ីឈ្នួលគេ គឺកូនធ្វើការអ្វីក៏ដោយ ចូរកូនធ្វើឲ្យពេញដៃពេញជើង ប្រឹងប្រែងឲ្យអស់សមត្ថភាព ឲ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល ។ ប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែ ឬតម្លៃឈ្នួលនោះគឺរឹតតែល្អ ។
កុំធ្វើការគ្រាន់តែ ដើម្បីឲ្យបានប្រាក់តែម៉្យាង កុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះ ត្រូវធ្វើការដើម្បីឲ្យការងារសម្រេចដោយល្អផង ទើបជាការសមរម្យ ។ មនុស្សយើងគួរជាមនុស្សមានទឹកចិត្ត កុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះ ។
មនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែ ប្រាក់ឈ្នួលដោយការពេញចិត្ត សម្តែងដល់ចិត្តដែលមិនយកប្រៀបគេ ទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិត ប៉ុន្តែសម្រេចការងារបានល្អ នាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខ ។ សេចក្តីរីករាយជាសុខនេះឯង ជាខ្លឹមសារសំខាន់នៃជីវិត ដែលមិនអាចរកទិញនៅទីណាបានឡើយ ក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯង ។
កាលដែលមនុស្សយើងមានទឹកចិត្ត ចិត្តក៏រមែងមាននូវទឹកសម្រាប់ផ្សើមឲ្យស្រស់បស់ ត្រជាក់ ប្រាសចាកនូវសេចក្តីកំណាញ់ និងការច្រណែនជាដើម ខុសអំពីមនុស្សដែលមិនមានទឹកចិត្ត ។ មនុស្សដែលមិនមានទឹកចិត្ត ក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយ ចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះ ដូចស្រែដែលខ្វះទឹកអ៊ីចឹងឯង ។
ចូរកូនត្រូវហ្វឹកហាត់ខ្លួន ឲ្យបានទៅជាមនុស្សមានទឹកចិត្ត ។ ចូរកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេ ឬជាអ្វីដែលមិនល្អឲ្យសោះ កូនត្រូវគិតដូច្នេះវិញថា វាជារឿងនៃទឹកចិត្ត ដែលនឹងគប្បីមានឲ្យដល់គ្នា ដើម្បីបាននៅធ្វើការជាមួយគ្នាអស់កាលដ៏យូរ ហើយក្នុងទីបំផុត ទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណ៎ាកូន ។
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
No comments:
Post a Comment