5 precept roles of good friends
តួនាទីមិត្តល្អ ៥សិក្ខាបទ
Precept 1 : Good friends should study what must be shared with dear friends .
សិក្ខាបទទី១ : មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវធ្វើទាន គឺឲ្យនូវអ្វីៗដែលគួរឲ្យដល់មិត្តសម្លាញ់។
បុគ្គលដែលលះបង់នូវសម្បត្តិទ្រព្យទំនុកបម្រុងអ្នកដទៃ ហ៊ានបែងចែកសេចក្ដីសុខសប្បាយផ្លូវកាយដល់អ្នកដទៃបាន រមែងបានទទួលនូវការលើកតម្កើងរាប់អានអំពីបុគ្គលទូទៅច្រើនប៉ុនណា បុគ្គលដែលបង្កនូវសេចក្ដីទុក្ខលំបាកឲ្យអ្នកដទៃ ដើម្បីប្រយោជន៍៍សុខផ្ទាល់ខ្លួនក៏រមែងបានទទួលនូវការតិះដៀល និង ការរង្កៀសចិត្តអំពីអ្នកដទៃទូទៅច្រើនប៉ុណ្ណោះដូចគ្នាដែរ។
ចំពោះសត្វលោក ពិតមែនតែមិនអាចជ្រើសរើសកំណើតឲ្យខ្លួនឯងបាន ប៉ុន្តែឥឡូវបានកើតមកជាមនុស្សហើយ យើងអាចជ្រើសរើសនូវផ្លូវសម្រាប់ដើរឲ្យខ្លួនឯងបាន គឺគេចជៀសវាងពីផ្លូវមានបន្លា ផ្លូវចោរ ផ្លូវសត្វសាហាវ ពោលគឺផ្លូវអកុសល មករកផ្លូវកុសលដែលជាផ្លូវស្អាត ផ្លូវគ្មានភ័យអំពីអ្វីៗ ជាផ្លូវនាំឲ្យបានដល់ទីបំផុតទុក្ខ។
សង្គហទាន គឺជាការសង្គ្រោះមួយដ៏ប្រសើរក្រៃលែង ជាស្បៀងក្នុងការដើរផ្លូវឆ្ងាយ។
Precept 2: Good friends should study that I should not invective to dear friends.
សិក្ខាបទទី២ : មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវនិយាយមិនទ្រគោះគំរោះគំរើយទៅរកមិត្តសម្លាញ់ឡើយ។
សេចក្ដីចម្រើនយ៉ាងពិតប្រាកដក្នុងជីវិតមនុស្សយើង គឺសេចក្ដីចម្រើនផ្នែកកុសលធម៌ អ្នកចម្រើនដោយគុណធម៌ ឈ្មោះថាជាអ្នកទំនុកបម្រុងក្នុងព្រះសាសនា ធ្វើសាសនាឲ្យចម្រើនលូតលាស់ក្នុងសន្ដានចិត្តរបស់ខ្លួន។
សេចក្ដីចម្រើននៃព្រះពុទ្ធសាសនា ដែលពិតប្រាកដ ក៏គឺសេចក្ដីចម្រើនផ្លូវចិត្តនៃពុទ្ធបរិស័ទហ្នឹងឯងចិត្តរបស់ព្រះពុទ្ធបរិស័ទដែលនឹងចម្រើនរុងរឿងទៅបាននោះក៏ត្រូវអាស្រ័យព្រះធម៌ក្នុងសាសនា គឺគ្រឿងចិញ្ចឹមបីបាច់រក្សាជានិច្ចកាលដែរ ដូចទារកតូចអាស្រ័យទឹកដោះម្ដាយអ៊ីចឹងឯង គឺថាយើងយកសីលធម៌នៃព្រះពុទ្ធសាសនាមកជាអាហារ ជាគ្រឿងបីបាច់ថែរក្សាខ្លួន ចិត្តមនុស្សយើងក៏នឹងចម្រើនទៅដោយសេចក្ដីស្អាត ចម្រើនដោយពន្លឺភ្លឺស្វាង និង ចម្រើនដោយសេចក្ដីស្ងប់។
វាចាដែលពីរោះគួរដល់ការសង្គ្រោះមិត្ត គឺជាវាចារបស់អ្នកមានចិត្តស្អាត ចិត្តភ្លឺស្វាង ចិត្តស្ងប់។
សិក្ខាបទទី៣ : មិត្តល្អគប្បីសិក្សាថា អាត្មាអញត្រូវប្រព្រឹត្តឲ្យជាប្រយោជន៍ដល់មិត្តសម្លាញ់។
ការមិនបៀតបៀនគ្នា គឺជាការមិនបៀតបៀនទាំងខ្លួនឯងទាំងអ្នកដទៃ ជាហេតុនៃសេចក្ដីសុខ ចំណែកការបៀតបៀនគ្នាជាហេតុនៃការភ័យខ្លាច មិនស្ងប់ក្នុងជីវិត ព្រោះអាស្រ័យសេចក្ដីនេះ បុគ្គលអ្នកប្រាថ្នាឲ្យការរស់នៅមានសេចក្ដីប្រសើរ ត្រូវកុំធ្វើនូវអំពើបៀតបៀនផ្សេងៗ ព្យាយាមរក្សាខ្លួនដោយស្មារតី ត្រេកអរក្នុងសេចក្ដីមិនប្រមាទ។
ការបៀតបៀនខ្លួនឯងដោយប្រព្រឹត្តអបាយមុខ ដូចជាការលេងស្រី បរិភោគទឹកស្រវឹង ប្រព្រឹត្តល្បែងស៊ីសង និង ខ្ជិលជាដើម ទោះជាមិនបានបៀតបៀនអ្នកដទៃដោយត្រង់ចំពោះក៏ដោយ តែវាជាការបៀតបៀនដោយអមឬដោយប្រយោល ដូចជាការធ្វើឲ្យទន់ខ្សោយស្មារតី សង្គមមិនចម្រើនលូតលាស់ បញ្ចុះតម្លៃវង្សត្រកូលក្រុមគ្រួសាររបស់ខ្លួន មានការវិវាទគ្នាញឹកញាប់ក្នុងផ្ទះរវាងប្ដីប្រពន្ធជាដើម ស្រែកឡូឡារំខានអ្នកជិតខាង ព្រោះហេតុដូច្នេះ ដើម្បីឲ្យបានជាមនុស្សល្អ មិត្តល្អ ត្រូវប្រព្រឹត្តអំពើជាប្រយោជន៍ដែលផ្ទុយអំពីការបៀតបៀន នេះជាមង្គលដ៏ឧត្ដម។
សិក្ខាបទទី៤ : មិត្តគប្បីសិក្សាថា អាត្មាអញត្រូវសង្គ្រោះមិត្តសម្លាញ់ដោយមិនលើកតម្កើនខ្លួន គឺត្រូវធ្វើជាមនុស្សស្មើប្រកបដោយចរិយាថ្លៃថ្នូរ។
ជីវិតសព្វថ្ងៃមានសេចក្ដីដឹងខ្លួន ដឹងអារម្មណ៍ដឹងរឿង គឺជានាទីនៃសភាវធម៌ពិតម្យ៉ាង បានដល់វិថីចិត្តដែលប្រព្រឹត្តតគ្នាមិនដាច់ ពាក្យថាប្រព្រឹត្តគ្នាមិនដាច់ គឺវិថីចិត្តតាមទ្វាណាមួយក្នុងទ្វារ៦កើតឡើងហើយរលត់ទៅ វិថីចិត្តក្នុងទ្វាដទៃកើតឡើងជាថ្មីបន្តអំពីវិថីចិត្តមុន មានការកើតរលត់បន្តគ្នារហូត។
វិថីចិត្តកើតរលត់តាមទ្វារ៦ គឺទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ និង ទ្វារចិត្ត ក្រសែនៃវិថីចិត្ត ជាជីវិតរបស់សត្វលោកដែលរស់នៅក្នុងលោក គឺរូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ និង ធម្មារម្មណ៍ ជាលោកនៃការរស់នៅ។
ជាពុទ្ធបរិស័ទត្រូវដឹងថាអ្វីជាជីវិត អ្វីជាលោកនៃការរស់នៅ ជីវិតមិនទៀងយ៉ាងណា លោកបែកធ្លាយយ៉ាងម៉េច ដូច្នេះ ទើបរំលត់ ឬ កាត់បន្ថយនូវការប្រកាន់បាន ជាទីរាប់អាននៃមិត្តសម្លាញ់ ព្រោះជាអ្នកមិនប្រកាន់ខ្លួន។
សិក្ខាបទទី៥ : មិត្តល្អគប្បីសិក្សាថា អាត្មាអញមិនត្រូវបោកបញ្ឆោតដោយការនិយាយកុហកឲ្យខុសអំពីសេចក្ដីពិត ដល់មិត្តសម្លាញ់ឡើយ។
វាចាមានបីយ៉ាងគឺ វាចាលាមក១ វាចាផ្កា១ និង វាចាទឹកឃ្មុំ១។ វាចាលាមក បានដល់ការនិយាយកុហក វាចាផ្កា បានដល់ការនិយាយពាក្យពិរោះ ហើយមានប្រយោជន៍ ដូច្នេះមនុស្សគប្បីសិក្សាថា អាត្មាអញមិនពោលពាក្យកុហកឡើយ។
មនុស្សនិយាយកុហកជាង្នកខ្វះគុណធម៌ច្រើនណាស់ ជាបុថុជ្ជនថ្នាក់អន់ ឈើអណ្ដើតទឹកប្រសើរជាង មនុស្សនិយាយកុហក ប្រសើរជាងមនុស្សគ្មានគុណធម៌ទាំងឡាយ។
មនុស្សយើងថ្លៃថ្នូរដោយគុណធម៌ ដោយចរិយាសម្បត្តិ ឫកពារម្យទម ស្លៀកពាក់សមរម្យ ពាក្យសម្ដីត្រឹមត្រូវមិនជ្រាយពេកមិនរឹងពេក មានអត្ថន័យខ្លឹមសារសមគួរដល់អ្នកស្ដាប់ ប្រយ័ត្នមាត់រាល់ពេលនិយាយ មានពេលត្រូវនិយាយក៏និយាយតែពាក្យពិតពាក្យមានប្រយោជន៍ ពាក្យពីរោះ និង និយាយដោយចិត្តសប្បុរស បើស្ងៀមត្រូវស្ងៀមដោយចិត្តស្ងប់។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ
No comments:
Post a Comment