តួនាទីភរិយា ៥សិក្ខាបទ
សិក្ខាបទទី១ : ភរិយាគប្បីសិក្ខាថាអាត្មាអញត្រូវចាត់ចែងការងារឲ្យបានល្អ។
ភរិយាត្រូវតម្កល់ខ្លួនឲ្យប្រពៃ ចាត់ចែងការងារឲ្យដល់ស្វាមីដោយសេចក្ដីមិនខ្ជីខ្ជា ទុកស្មើដូចម្ដាយ ឬ ប្អូនស្រី ពុំនោះសោតទេ ត្រូវទុកស្មើជាមិត្រសម្លាញ់ជាមួយនឹងស្វាមីរបស់ខ្លួន ហើយបើទុកដាក់ខ្លួនដល់ទៅថ្នាក់ស្មើដូចទាសីបំរើម្ចាស់ ក៏វាគ្មានថោកទាបអ្វីឡើយនេះគឺពោលចំពោះការចាត់ចែងក្នុងកិច្ចការងារនៃភរិយាល្អ ដែលជាភរិយាស្រលាញ់ការងារ។
ពាក្យថា ប្រពន្ធ ប្រែថា ចំណងរួតរឹង ដូច្នេះប្រពន្ធ គឺជាស្ត្រីម្នាក់ដែលចងប្ដីដោយចរិយាមារយាទល្អសណ្ដាប់ធ្នាប់សីលធម៌ ឈ្លាសវៃ ស្មោះត្រង់ និង ចាត់ចែងការងារក្នុងផ្ទះដោយប្រពៃ។
កុំខ្ជិល កុំទម្រន់ ព្រោះការខ្ជិលជាប្រធាននៃសេចក្ដីវិនាស បើធ្វើរឿយៗរាល់ថ្ងៃទៅជាទម្លាប់ដ៏ល្អការងារសព្វគ្រប់ បីដូចជាអលង្ការ ដូច្នេះ ឲ្យតែការងារប្រាសចាកទោស ធ្វើទៅទោះច្រើនយ៉ាងណា ត្រូវគិតថាជាសិរីសួស្ដី បានកើតមកជាស្រីហើយមានប្ដី ត្រូវតែជាភរិយាល្អឲ្យខានតែបាន។
សិក្ខាបទទី២ : ភរិយាគប្បីសិក្សាថា អាត្មាអញត្រូវសង្គ្រោះជនជាញាតិទាំងពីរខាង គឺទាំងខាងស្វាមី ទាំងខាងខ្លួនឯងដោយល្អ។
តែងបានឮរឿយៗនូវពាក្យនេះថា << មានប្រាក់គឺមានអ្វីៗទាំងអស់ >> រួមទាំងគ្រោះថ្នាក់ទាំងការចង្អៀតចង្អល់ ព្រោះគេសុំ គេខ្ចី និង ទាំងអ្នកដទៃច្រណែនផងមែនទេ? ប៉ុន្តែបើពោលឲ្យត្រូវជាងហ្នឹង គួរពោលថា << មានបុណ្យគឺមានអ្វីៗទាំងអស់ >>។
មនុស្សយើងមិនអាចមាននូវសេចក្ដីសុខគ្រប់យ៉ាង ដោយគ្រាន់តែមានប្រាក់នោះទេ វាត្រូវអាស្រ័យប្រាជ្ញាប្រើប្រាស់ចាត់ចែងនូវប្រាក់នោះឲ្យបានល្អជាការដ៏សំខាន់ ជៀសវាងការចាត់ចែងទៅក្នុងការងារដ៏សំខាន់ ជៀសវាងការចាត់ចែងទៅក្នុងការងារដែលមានទោស ជាពិសេសចងមិត្តឲ្យបានច្រើនដោយការបរិច្ចាគសង្គ្រោះ ព្រោះជីវិតមានតម្លៃបានច្រើនដោយការបរិច្ចាគសង្គ្រោះ ព្រោះជីវិតមានតម្លៃអាស្រ័យអ្នកដទៃរាប់អានពេញចិត្ត ទោះបីបើការខ្វះការរាប់អានស្រលាញ់ពេញចិត្តអំពីអ្នកដទៃ ទោះបីយើងជាសេដ្ឋីក៏ដោយ វាដូចជាចំណីក្រៀមក្រោះដែលខ្សោះរសជាតិអ៊ីចឹងឯង ជីវិតពិតជាគ្មានតម្លៃ អ្នកដទៃញាតិមិត្តគេចាត់ថាយើងស្លាប់បាត់ទៅហើយ ព្រោះយើងស្លាប់បាត់ទៅហើយ ព្រោះយើងខ្វះការសង្គ្រោះញាតិ។
សិក្ខាបទទី ៣ : ភរិយាគប្បីសិក្សាថាអាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តស្វាមីឡើយ។
ចិត្តមនុស្សមិនងាយមើលធ្លុះ សាំញ៉ាំស្រកេកស្រកាក ចិត្តសត្វតិរច្ឆានងាយសង្កេតឲ្យដឹងជាង។ ភរិយាស្វាមីមានក្ដីស្នេហា បានយល់ចិត្តគ្នាហើយព្រមរៀបការ រហូតមានបុត្រមានទាំងធីតា តែនៅក្បត់គ្នាអាពាហ៍ពិពាហ៍អស់ខ្យល់។ នៅថ្ងៃរៀបការហៅអស់ញាតិមិត្ត បងប្អូនជិតស្កាត់មកមិនសល់ ធ្វើខ្លួនស្អាតបាតដើម្បីមង្គល ម៉ែឪរវល់បួនប្រាំសប្ដាហ៍។ ម៉ែឪចងដៃមហាឲ្យពរ ព្រះសង្ឃសូត្រធម៌ អញ្ជើញទេវតាអញ្ជើញព្រះឥន្ទព្រះព្រហ្មផងណា ក្លាយជាឥតការព្រោះចិត្តមិនស្មោះ។
ចិត្តស្មោះត្រង់នាំមកនូវកិត្តិយស ការសរសើរលើកតម្កើនអំពីអ្នកផងទាំងពួង ដូច្នេះ មានតែការតាំងចិត្តម៉ឺងម៉ាត់របស់ខ្លួននេះឯង ដែលអាចទទួលបាននូវមង្គលល្អប្រាកដប្រជាស័ក្កិសិទ្ធិជាងពរទេវតាឥន្ទព្រហ្មទៅទៀត។ ដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធ ព្រះបរមពោធិសត្វត្រូវមាននូវអធិដ្ឋានបារមី គឺការតាំងព្រះទ័យមាំក្នុងការងារ មិនមែនបានត្រាស់ដោយសារការឲ្យពរជ័យពីអ្នកណាដទៃនោះឡើយ ធ្វើជាមនុស្សត្រូវជឿលើការតាំងចិត្តរបស់ខ្លួនជាសំខាន់។
សិក្ខាបទទី ៤ : ភរិយាគប្បីសិក្សាថាអាត្មាអញត្រូវថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបាន។
មិនមែនមិនឲ្យចាយទេប្រាក់នោះ ប៉ុន្តែចាយឲ្យមានរបៀប ដាច់ខាតកុំលេងល្បែងស៊ីសងមានបៀជាដើមឲ្យសោះ កុំឲ្យមានចិត្តលួចលាក់ទុកប្រាក់ប៉ុណ្ណេះប៉ុណ្ណោះ នាំឲ្យមានឈ្មោះថាភរិយាជាចោរ ត្រូវការប្រើប្រាស់ចាត់ចែងធំដុំ ត្រូវជំនុំជាមួយស្វាមី និង ម្យ៉ាងទៀតកុំចង់ហ៊ឺហាដោយសម្ភារៈហួសសមត្ថភាព ឬ ហួសប្រាក់ចំណូល ត្រូវរស់នៅឲ្យស្វាមីទុកចិត្ត។
ស្វាមីមានកម្លាំងចិត្តធ្វើការដ៏ក្រៃលែង បើទ្រព្យសម្បត្តិនៅផ្ទះគង់វង្ស ព្រោះនាងជាភរិយាមានមារយាទចេះទុកដាក់ថែទាំដោយប្រពៃ។ ភរិយាជានារីថ្លៃមានពាក្យសម្ដីស្រទន់ពីរោះ ប្រកបដោយទឹកមុខស្រស់បស់ ទទួលស្វាមីមកពីធ្វើការ ដូច្នេះ សូមភរិយារៀបចំនូវកម្លាំងទាំងពីរឲ្យដល់ស្វាមី កុំធ្វេសប្រហែសផ្នែកខាងកម្លាំងចិត្តឲ្យសោះ លទ្ធផលជាទីគាប់ចិត្តវាត្រូវបានមកខ្លួនឯងជាភរិយាហ្នឹងហើយ។
សិក្ខាបទទី ៥ : ភរិយាគប្បីសិក្សាថា អាត្មាអញត្រូវតែជាស្ត្រីឆ្លាតឈ្លាសមិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងពួង។
ភរិយាគប្បីពិចារណាខ្លួនឯងឲ្យបានរឿយៗថាកិច្ចការមេផ្ទះអញបានបំពេញល្អដែរទេ មានសេចក្ដីខ្ជិលមកច្របូកច្របល់ដែរឬអត់ទេ បើឃើញថា ខ្វះខាតគួរបំពេញ បើច្បាស់លាស់ពេញលេញល្អហើយក៏រក្សាឲ្យល្អតទៅ ការងារឆ្លាតវៃជាមង្គលដ៏ឧត្ដម។
សម្ដីអាក្រក់លាមករបស់អ្នកដទៃ គឺទុកត្រឹមអ្នកដទៃចុះ កុំស្រវាប្រមូលមកឲ្យប្រឡាក់ដល់ខ្លួនឯង ទោះជាអំពើដោយកាយក៏ដោយ ត្រង់អ្នកដទៃធ្វើឬមិនធ្វើជាកិច្ចការងាររបស់គេ បើថាជាកូនចៅក៏អប់រំទូន្មានធ្វើជាកិច្ចការងាររបស់គេ បើថាជាកូនចៅក៏អប់រំទូន្មានប្រដៅទៅ ប៉ុន្តែចំពោះខ្លួនឯងវិញត្រូវតាំងស្មារតីកសាងស្នាដៃ កុំភ័យក្រែងល្អលើសគេពេកនោះ ពេលរស់នៅមិនយូប៉ុន្មានឡើយ ឱកាសសាងល្អមានតិចតួចណាស់។
ឈ្នះសេចក្ដីល្ងង់របស់ខ្លួនឯងបាន ដោយការសិក្សាស្វែងយល់ ឈ្នះសេចក្ដីខ្ជិលបាន ដោយការព្យាយាម ឈ្នះសេចក្ដីក្រោធបាន ដោយការមិនក្រោធ ឈ្នះសេចក្ដីកំណាញ់ដោយការឲ្យទាន ឈ្នះការនិយាយឡេះឡោះដោយពាក្យបានការ។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ៥០០០ឆ្នាំ
No comments:
Post a Comment