ដឹកនាំមិត្តឲ្យមិត្តប្រព្រឹត្តធ្វើនូវអំពើល្អ
កល្យាណេ និវេសេតិ ដឹកនាំមិត្តឲ្យមិត្តប្រព្រឹត្តធ្វើនូវអំពើល្អ ប្រាដកណាស់អំពើល្អគួរដល់ការគោរពដ៏ក្រៃលែង ព្រោះអំពើល្អ បានធ្វើឲ្យបុគ្គលពាលត្រឡប់មកជាបណ្ឌិត កូនមិនដឹងគុណក្លាយជាកូនល្អសព្វគ្រប់ មិនត្រឹមតែប៉ុណ្ណោះ អំពើល្អអាចធ្វើឲ្យមនុស្សបុរុជ្ជនម្នាក់ បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក្នុងលោកទៀងផង។
បុគ្គលមានបញ្ញា ពិចារណាឃើញគុណតម្លៃនៃអំពើល្អពិតប្រាកដ រមែងសន្សំនូវអំពើល្អនោះដោយខ្លួនឯងផង ដឹកនាំបុគ្គលដទៃដែលគួរដឹកនាំ ឲ្យប្រព្រឹត្តធ្វើនូវអំពើល្អនោះផង អនុមោទនាត្រេកអរនូវគ្រប់អំពើល្អ ដែលអ្នកផងទាំងពួងបានធ្វើហើយផង។ រមែងជាអ្នកសន្សំបុណ្យ ដោយមិនមលើងាយបុណ្យថាបន្តិចបន្តួចអាត្មាអញមិនចាំបាច់ធ្វើទេ អាត្មាអញធ្វើតែបុណ្យធំៗប៉ុណ្ណោះយ៉ាងនេះឡើយ ព្រោះថា ការសន្សំបុណ្យ ប្រៀបបីដូចជាគេផ្ងារក្អមកណ្ដាលវាល នៅពេលមានភ្លៀងរលឹមស្រិចៗ ក្អមនោះអាចពេញបានទៅដោយទឹក ដែលស្រក់ចូលម្ដងបន្តិចៗនោះឯង។
អំពើល្អជាឫសគល់នៃសេចក្ដីសុខ មានមនុស្សច្រើននាក់ណាស់ដែលចង់បាននូវសេចក្ដីសុខ ប៉ុន្តែមិនធ្វើអំពើល្អឲ្យបានរឿយៗ មិនរក្សានូវគុណធម៌ឲ្យបានគង់វង់ឡើយ ព្រោះហេតុតែមិនច្បាស់ប្រាកដក្នុងចិត្ត ចំពោះឫសគល់នៃសេចក្ដីសុខ ដោយសង្ស័យថា អំពើល្អនាំឲ្យបានសុខពិតមែនឬ ដូចម្តេចបានជាអ្នកឯណោះគេធ្វើអាក្រក់ខ្លាំងណាស់ ប៉ុន្តែគេមាន គេបាន ចាយវាយហ៊ឺហា។
ការសង្ស័យ ឧបមាដូចជាផ្លូវឆ្ងាយដែលមានអន្តរាយ មានចោរភ័យជាដើម ផ្លូវរបៀបនេះបានធ្វើឲ្យអ្នកដំណើរមិនហ៊ានទៅត្រូវរួញរា ទីបំផុតគឺមិនអាចបានទៅដល់គោលដៅឡើយ យ៉ាងណា ការសង្ស័យជាគ្រឿងរារាំងនូវកុសលធម៌ បុគ្គលដែលមាននូវសេចក្ដីសង្ស័យ ត្រូវស្ទះដំណើរដែលត្រូវដើរទៅរកសេចក្ដីសុខ ដូចសេចក្ដីឧបមាអំពីផ្លូវដែលមានអន្តរាយ យ៉ាងនោះឯង។
ការសង្ស័យជាគ្រឿងរារាំងនូវកុសលធម៌តើដូចម្ដេច សេចក្ដីនេះមានតួនាទីជាឧទាហរណ៍បញ្ជាក់ឲ្យឃើញងាយៗ ដូចជាមនុស្សដែលមិនសូវយកចិត្តទុកដាក់ក្នុងព្រះធម៌ លុះបានជួបប្រទះនូវការស្ដាប់ធម៌ ដែលសម្ដែងអំពីរឿងកម្ម ដែលកម្មមាននាទីចាត់ចែងឲ្យសត្វទាំងឡាយប្រណីតឬថោកទាប មានសុខ មានទុក្ខយ៉ាងណាៗ បានលើកយកហេតុផល ឧបមា ឧបមេយ្យប្រៀបធៀបព្រមដោយពុទ្ធភាសុត ដែលធ្វើឲ្យអ្នកយកចិត្តទុកដាក់ក្នុងព្រះធម៌ កើតសេចក្ដីជ្រះថ្លាដ៏ក្រៃលែង ប៉ុន្តែចំណែកអ្នកដែលមិនសូវយកចិត្តទុកដាក់ក្នុងព្រះធម៌ ក៏បែរទៅជាសង្ស័យព្រមទាំងមិនយល់ចូលចិត្តអំពី សត្វទាំងឡាយរមែងប្រព្រឹត្តទៅតាមកម្ម។ កាលដែលមិនយល់ចូលចិត្តហើយ ក៏កើតការធុញទ្រាន់ មិនចង់ស្ដាប់ រួចទៅសភាពនៃចិត្តក៏រាយមាយ នឹករកអារម្មណ៍ដទៃ ដែលតែងតែមានប្រក្រតីធ្លាក់ចុះក្នុងកាមគុណ គឺនឹករកអារម្មណ៍ដែលនាំឲ្យសប្បាយរីករាយ រឿងនេះ រឿងនោះ មកជំនួសការស្ដាប់ព្រះធម៌។ កាលដែលនឹករាយមាយយ៉ាងនេះ ក៏ធុញទ្រាន់នឹងកន្លែងស្ដាប់ព្រះធម៌នោះ កើតការអផ្សុក ព្រោះកន្លែងសម្ដែងព្រះធម៌នោះ ឮសូរតែធម៌ទេសនា កើតការទាស់ចិត្តមិនគោរពព្រះធម៌ បើមានគ្នាជជែក ក៏ជជែកគ្នានៅពេលនោះទៅ។ លុះដល់ចង់ធម៌ទេសនា សរុបលទ្ធផលបានតែអកុសលស្អេកស្កះ ចំណែករសនៃព្រះធម៌ ដែលឈ្នះអស់រស់ទាំងពួងនោះ មិនបានលទ្ធភ្លក្សឲ្យស្គាល់រស់ជាតិបន្តិចបន្តួចឡើយ នេះឯងវិចិកិច្ឆានីវរណៈ ការសង្ស័យជាគ្រឿងរារាំងនូវកុសលធម៌ ដូចនេះជាដើម។
ព្រោះហេតុដូច្នេះ ក្នុងនាមជាមិត្តល្អ ឬជាគ្រូបាអាចារ្យ មាតាបិតា ត្រូវខិតខំឧស្សាហ៍ដឹកនាំ ពន្យល់ហេតុផលរឿយៗ ដល់មិត្តសម្លាញ់ កូនសិស្ស បុត្តធីតា ឲ្យមានការប្រព្រឹត្តធ្វើនូវអំពើល្អឲ្យមានការចេះដឹង កុំឲ្យមាននូវសេចក្ដីសង្ស័យឡើយ នេះជាកិច្ចនាទីសំខាន់ណាស់សម្រាប់អ្នកប្រាថ្នានូវប្រយោជន៍ឲ្យដល់អ្នកដទៃបានសេចក្ដីសុខ។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
No comments:
Post a Comment