ប្តីប្រពន្ធ (បទពិចារណា)
ប្តីប្រពន្ធ ជាបុគ្គលដែលជិតស្និទ្ធនឹងគ្នាជាទីបំផុត ដូចខ្លួនតែមួយអ៊ីចឹង អាចនិយាយបានថា ចិត្តមួយថ្លើមមួយ ឬបេះដូងតែមួយ ។ បើប្តីប្រពន្ធបានគ្នាជាមនុស្សល្អ ក៏ជាមិត្តស្លាប់រស់នឹងគ្នាបាន តែបើប្តី ឬប្រពន្ធជាមនុស្សអាក្រក់វិញនោះ ក៏នឹងក្លាយជាមនុស្សដែលគួរឲ្យខ្លាចក្រៃលែង ព្រោះដេកនៅជាមួយគ្នា ។
មានប្តីប្រពន្ធច្រើនគូណាស់ដែលក្រោយពីរៀបការហើយ រមែងមានសភាពខុសគ្នាអំពីមុនរៀបការ នេះមកអំពីការជិតដិតស្និទ្ធស្នាលពេកទៅ នាំឲ្យខ្វះការគោរពគ្នា ការមានភាវៈច្រើន ការមានកូនច្រើន ការខ្វះខាតសីលធម៌ និងការខ្វះមេត្តាជំនួសរាគៈជាដើម ទើបធ្វើឲ្យប្តី ឬប្រពន្ធផ្លាស់ប្តូរនិស្ស័យ ឧបនិស្ស័យ ចរិត អធ្យាស្រ័យ មិនដូចគ្នាពីខាងដើម ។
ចំពោះប្តីប្រពន្ធ បើព្យាយាមកែនូវអ្វីដែលជាទម្លាប់អាក្រក់ឲ្យគ្នាមិនបានទេ ក៏គួរតែទ្រាំសិនទៅចុះ ព្រោះកម្មបានលិខិតឲ្យខ្លួនត្រូវមកនៅជាមួយមនុស្សដែលមិនល្អហ្នឹងទៅហើយ ម៉្យាងទៀតបានជាមានកូនជាមួយគ្នាទៅហើយ ទាំងដែលកូននៅតូចៗ ឬច្រើនទៀតផង ។
ប៉ុន្តែបើទ្រាំមិនបានទេនោះ ក៏ត្រូវដោះស្រាយដោយសន្តិវិធី ឡើងតុលាការលែងលះគ្នាតាមសម្រួលទៅចុះ ដាច់ខាតកុំយកអំពើអាក្រក់មកដោះស្រាយឲ្យសោះ ព្រោះពៀរមិនរម្ងាប់ដោយការចងពៀរឡើយ ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
No comments:
Post a Comment