ឲ្យអភ័យ
កូនជាទីស្រឡាញ់
កូនជាទីស្រឡាញ់
ក្នុងលោកនេះ មិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងនោះឡើយ ព្រោះថា គឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្ត ហើយក៏មិនមានអ្នកណាធ្វើអ្វីៗ ឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរ ។
ចំណែកយើងក៏ដូចគ្នា ទោះជាយើងខំធ្វើល្អ ធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយ ក៏គង់មានគេទាស់ចិត្តនឹងយើងដែរ ។
អ្នកដទៃគេធ្វើខុស មានការខ្វះខាត ឬធ្វើអ្វីមិនត្រូវចិត្ត មិនត្រូវអធ្យាស្រ័យរបស់កូន កូនត្រូវចេះឲ្យអភ័យដល់គេ កុំប្រកាន់កុំខឹងក្រោធ និងកុំទៅឈ្លោះប្រកែកទាស់ទែងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អ បើមានអ្វីត្រូវបកស្រាយ កូនត្រូវមើលឱកាស មើលអ្នកដទៃហើយចិត្តរបស់កូន ត្រូវតែត្រជាក់ មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់សិន សឹមនិយាយ ។
កូនត្រូវចាំពាក្យនេះទុកថាៈ
ឬស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខ្លួនជនពាលគ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ ។
កាលកូនឲ្យអភ័យដល់គេហើយ អ្នកដែលសប្បាយចិត្តគឺកូនហ្នឹងឯង ។ ការចងនូវសេចក្តីក្រោធទុក គឺជាការចងដុំភ្លើងនឹងចិត្ត ត្រូវគិតអាឃាតព្យាបាទ គិតរកឧបាយបៀតបៀនគេរឿយៗ ជាដើម មានតែអាក្រក់ប៉ុណ្ណោះ មិនមានអ្វីល្អឡើយ ។
ការឲ្យអភ័យម្យ៉ាងទៀត គឺឲ្យការមិនមានភ័យដល់អ្នកដទៃ បានសេចក្តីថា ធ្វើខ្លួនរបស់យើងមិនឲ្យមានពិសមិនឲ្យមានភ័យដល់អ្នកដទៃ មិនបង្កការភ័យខ្លាច សេចក្តីក្តៅក្រហាយផ្សេងៗ ឲ្យដល់អ្នកណាៗឡើយ ។
កូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯង មិនមានស្នៀត មិនក្រឡេចក្រឡុច និងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យ ។
កូនត្រូវយល់ថា ការឲ្យអភ័យ គឺការឲ្យសេចក្តីល្អដល់ខ្លួនកូនហ្នឹងឯង អ្នកផងទាំងពួងគេទុកចិត្ត ប្រគល់ការងារសំខាន់ៗឲ្យកូនធ្វើ ខុសអំពីមនុស្សដែលមានពិស ។
មនុស្សដែលមានពិស ទុកចិត្តមិនបាន ទៅទីណាៗ គេមិនចង់ឲ្យចូលជិត នៅក្នុងណាៗ គេខ្លាច គេបារម្ភ ធ្វើការអ្វីៗ គេមិនទុកចិត្ត វាជាការមិនល្អគ្រប់យ៉ាងចូរកូនកុំជាមនុស្សមានពិសមានភ័យដល់អ្នកដទៃឡើយ ។
បើកូនឲ្យអភ័យដល់អ្នកដទៃបាន កូននឹងបានសុខសប្បាយ បើកូនធ្វើខ្លួនមិនឲ្យមានពិសមានភ័យដល់អ្នកដទៃបាន កូននឹងនៅក្នុងទីណាក៏នៅបាន មិនមានអ្នកណារង្កៀសភ័យព្រួយបារម្ភអ្វីឡើយ ដូច្នេះកូនត្រូវហ្វឹកហាត់ឲ្យអភ័យកុំទៅគិតថា ជាការអន់ខ្សោយ ខូចយស ខូចសក្តិ ព្រោះការឲ្យអភ័យនោះ ។ ដោយហេតុតែមនុស្សយើងស្រឡាញ់យស ស្រឡាញ់សក្តិ ប្រកាន់អំណាចខ្លាំងក្លាពេកទៅហ្នឹងឯង ទើបត្រូវមកបង្កកម្មពៀរនឹងគ្នាមិនមានទីបំផុត ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
No comments:
Post a Comment