Tuesday, January 14, 2014

ផ្លែស្វាយ



ផ្លែស្វាយ


ផ្លែស្វាយ​នៅ​ខ្ចី​ជូរ លុះ​ដល់​ទុំ​ទៅ​រមែង​ផ្អែម យ៉ាង​ណា ការ​អប់រំបន្ទុំ​ចិត្ត ក៏​ត្រូវ​តែ​ប្ដូរ​ផ្លាស់​ពី​ជូរ​មក​ផ្អែម​យ៉ាង​នោះ​ដែរ ពោល​គឺ​ធ្លាប់​តែ​មិន​ជ្រះថ្លា ក៏​មក​ជា​ជ្រះថ្លា​នឹង​គុណ​ព្រះរតនត្រៃ ធ្លាប់តែ​កំណាញ់​ក៏​មក​ជា​​មាន​ទឹក​ចិត្ត​ចេះឲ្យ​ទាន ធ្លាប់​តែ​ទ្រុស្ដសីល ក៏​មក​ជា​មាន​សិល ។ល។

ផ្លែ​ស្វាយ​នៅ​ខ្ចី រឹង លុះ​ដល់​ទុំ​ទៅ​រមែង​ទន់ យ៉ាង​ណា ការ​អប់រំ​បន្ទុំ​ចិត្ត ក៏​ដូច​គ្នា​ដែរ គឺ​ចិត្ត​រមែង​ទន់​ដោយ​សទ្ធា គួរ​ដល់​ការងារ ទាន សីល ភាវនា ងាយប្រដៅ​ ងាយ​ទូន្មាន​តាម​ព្រះធម៌​ព្រះវិន័យ មិន​ចចេស​រឹង​រូស​កោង​កាច​ឡើយ។

ផ្លែ​ស្វាយ នៅ​ខ្ចី ពណ៌​មិន​ល្អ​ដូច​ជា​ស្វាយ​ទុំ​ទេ មាន​គួរនា​ដូច​ជា​មនុស្ស​យើង ដែល​មិន​ទាន់​បាន​ទូន្មាន​ខ្លួន​ដូច្នោះ​ឯង លុះ​ដល់​បាន​អប់រំ​ទូន្មាន​ខ្លួន​ហើយ ក៏​រមែង​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​គួរ​ឲ្យ​ជ្រះថ្លា មាន​ការ​សង្រួម​កាយវាចា សង្រួម​ឥរិយាបថ ពិត​ដូច​ជា​ផ្លែ​ស្វាយ​ដែល​បន្ទុំ​ទុំ​ហើយ​មាន​ពណ៍​ដូច​ជា​មាស ដូច្នោះ​ដែរ។

ផ្លែ​ស្វាយ​ខ្ចី​មិន​ក្រអូប​ទេ លុះ​ដល់​បន្ទុំ​ទុំ​ឲ្យ​ល្អ​ហើយ​រមែង​មាន​ក្លិន​ក្រអូប​ផ្អែម ក្នុង​ន័យ​សេចក្ដី​បី​ដូច​ជា​ក្លិន​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​អ្នក​មាន​សីល មាន​កល្យាណធម៌ រមែង​ក្រអូប​សាយ​ទៅ​គ្រប់​ទិសានុទិស។

មនុស្ស​យើង គួរ​តែ​ជឿ​ជាក់​ក្នុង​ផល​នៃ​ការ​អប់រំ​ទូន្មាន​ខ្លួន ហើយ​ត្រូវ​ហ្វឹក​ហាត់​អប់រំ​កាយវាចា​ចិត្ត​ជានិច្ច​តាម​បែប​ផែន​ព្រះពុទ្ធ​សាសនា។

បព្វ​ជិត​មិន​សង្រួម នឹង​ទ្រោម​ចុះ​នូវ​សទ្ធា
គ្រហស្ថ​អត់​ការងារ ប្រាកដ​ជា​នឹង​ធ្លាក់​ចុះ។
រស់​នៅ​ឥត​វិន័យ ដូច​ក្របី​ឥត​កន្លុះ
បើ​អត់​ធម៌​វិញ​នោះ ដូច​លីង​ក្រួស​ជះ​ដាក់​គេ។



ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍



No comments:

Post a Comment