តួនាទីស្វាមី ៥សិក្ខាបទ
សិក្ខាបទទី១ : ស្វាមីគប្បីសិក្សាថាអាត្មាអញត្រូវរាប់អាននាង ឲ្យតម្លៃនាង លើកតម្កើននាង ថាជាភរិយាពេញមុខ។
បានកើតមកជាមនុស្សគ្រប់គ្នា គឺជាស្នាដៃពិតប្រាកដរបស់ខ្លួនឯង ដែលជាអ្នកមានបុណ្យបានធ្វើទុកហើយ មិនមែនព្រោះការសូកប៉ាន ឬ ព្រោះការភាន់ច្រឡំដោយប្រការណាមួយនោះទេ ដូច្នេះ គួររាប់អាចមនុស្សទាំងពួងដែលមានស្នាដៃពូកែអំពីជាតិមុនមក។
ភរិយាគឺជាមនុស្សស្រីដែលមានប្ដីជាអ្នកចិញ្ចឹម មានប្ដីជាម្ចាស់លើ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មានប្ដីជាធំក្នុងការគ្រប់គ្រង ដូច្នេះស្វាមីត្រូវគោរពតួនាទីរបស់ខ្លួនជាអ្នកចិញ្ចឹម ជាម្ចាស់ និង ជាអ្នកធំក្នុងការគ្រប់គ្រងថែទាំ ឲ្យដល់នារីម្នាក់ដែលខ្លួនបានយកនាងជាភរិយាហើយនោះ យ៉ាងនេះ ទើបសមនឹងឈ្មោះថា ភស្ដា ស្វាមី ប្ដី។
ស្វាមីត្រូវចម្រើនមេត្តាទៅរកភរិយា និង ការអាណិតឲ្យបានច្រើន ព្រោះនាងបានចេញចាកអំពីត្រកូលចោលម៉ែឪបងប្អូនមីងមា តាមមកយកយើងម្នាក់គត់ជាគ្នា ប្រគល់កាយជីវិតឲ្យដល់បុរសម្នាក់ជាស្វាមីគ្រប់គ្រង់ជំនួសម៉ែឪនាង។
សិក្ខាបទទី២ : ស្វាមីគប្បីសិក្សាថាអាត្មាអញមិនត្រូវមើលងាយនាងជាភរិយាឡើង។
ព្រមយកប្រពន្ធដូចព្រមចូលកាន់សមរភូមិ មិនមែនមិនដឹងរឿងរ៉ាវអ្វីសោះហើយចេះតែប្រថុយនោះទេ អ្នកចម្បាំងគេរៀនយុទ្ធសាស្ត្រ ចំណែកអ្នកគ្រប់គ្រងផ្ទះក៏ត្រូវចេះក្បួនសម្រាប់គ្រប់គ្រងដែរ ត្រូវច្បាំងជាមួយចិត្តអាក្រក់របស់ខ្លួន ទប់ទល់ដោះស្រាយចំពោះកិលេសរបស់ប្រពន្ធផង ការពារវិបត្តិយន្តរាយផ្សេងៗ ទៀតផង គឺជាការគ្រប់គ្រងដោយអំណត់អត់ធន់ជាទីបំផុត ដាច់ខាតកុំយកការមើលងាយមើលថោកមកធ្វើចម្បាំង វាមិនពូកែឡើយ ការមើលងាយសត្រូវវានាំឲ្យប្រហែស សេចក្ដីប្រហែសជាចំណុចចាញ់។
ធម្មតាប្ដីប្រពន្ធសុទ្ធតែជាអ្នកមានកិលេសហើយជាធម្មតារបស់កិលេសរមែងនាំមកនូវទុក្ខ ដូច្នេះទើបកិលេសឈ្មោះថាជាសត្រូវ តើវាលំបាកប៉ុនណាទៅចំពោះជីវិតដែលរស់នៅក្នុងជំរុំនៃសត្រូវនោះ ណ្ហើយចុះទ្រាំទៅ! ហើយត្រូវខំទូន្មានចិត្ត ទម្លាប់ឲ្យចេះស្មោះត្រង់នឹករលឹករឿយៗដល់សេចក្ដីល្អរវាងគ្នានិងគ្នា កុំមើលងាយគ្នាឲ្យសោះ សុទ្ធតែជាអ្នកជាប់ខ្នោះទាំងអស់គ្នាទេត្រូវមានមេត្តាដល់គ្នាទើបប្រពៃ។
សិក្ខាបទទី៣ : ស្វាមីគប្បីសិក្ខាថាអាត្មាអញមិនត្រូវប្រព្រឹត្តក្បត់ចិត្តប្រពន្ធឡើយ។
ការស្មោះត្រង់ចំពោះគ្នានិងគ្នា គឺជាបេះដូងអាពាហ៍ពិពាហ៍ ស្វាមីទោះបីមានការខ្វះខាតក្នុងមុខនាទីដទៃខ្លះ ប៉ុន្តែរក្សាការស្មោះចំពោះភរិយាទុកបានដោយល្អ មិនក្បត់ចិត្ត មិនច្របូកច្របល់ក្នុងកាមគុណជាមួយស្ត្រីដទៃ អាចចាត់ទុកបានថាជាស្វាមីដែលល្អម្នាក់កម្ររក ជាស្វាមីអាចធ្វើឲ្យក្រុមគ្រួសារកក់ក្ដៅមាននូវសេចក្ដីសុខ រស់នៅជាមួយគ្នារហូតដល់ចាស់ មានសម្រស់ល្អដល់កូនចៅ ដូចមេអំបៅលំអសួនផ្កា។
អណ្ដាត និង ធ្មេញរមែងតែងតែប៉ះខ្ទប់គ្នាខ្លះជាធម្មតា ប៉ុន្តែបាននៅជាមួយគ្នាដោយល្អ ធ្មេញជាអ្នកទំពាអាហារ រឺឯអណ្ដាតជាអ្នកត្រឡប់នូវអាហារនោះបង្វិលចុះបង្វិលឡើង រហូតលេបចូលពោះបានទាំងរស់ទាំងអស់គ្នា យ៉ាងណាមិញ ប្ដីប្រៀបដូចជាធ្មេញ ប្រពន្ធប្រៀបដូចអណ្ដាត កាលនៅជាមួយគ្នា ធ្វើការជាមួយគ្នា ក៏រមែងទាស់ទែងថ្នាំងថ្នាក់អាក់អន់នឹងគ្នាខ្លះពុំខាន ក៏យ៉ាងនោះដែរ ប៉ុន្តែការស្មោះត្រង់ប្រកបដោយមេត្តាករុណាប្រៀបដូចជាអាហារក្នុងមាត់។
សិក្ខាបទទី៤ : ស្វាមីគប្បីសិក្សាថាអាត្មាអញត្រូវប្រគល់ឥស្សរិយៈ គឺភាពជាធំឲ្យដល់នាងជាភរិយា ចាត់ចែងកិច្ចការងារក្នុងផ្ទះ។
ឥស្សរិយយសរបស់ស្វាមី ធ្វើឲ្យស្ត្រីជាភរិយាទន់ភ្លន់ចិត្ត ទោះបីនាងមានរូបល្អយ៉ាងណាក្ដី មានទ្រព្យមរតករបស់នាងច្រើនក្ដី មានញាតិច្រើនក្ដី មានសីលធម៌ចរិយាមារយាទល្អប្រពៃក្ដី រួមទាំងកម្លាំងបុត្រទៀតក្ដីសរុម ៥យ៉ាងនេះចូលគ្នា ក៏មិនមានកម្លាំងស្មើ នឹងកម្លាំងឥស្សរិយយសរបស់ស្វាមីបានដែរ នេះបញ្ជាក់ឲ្យឃើញកម្លាំងឥស្សរិយៈដែលស្វាមីត្រូវគ្រប់គ្រងភរិយា មិនចង់និយាយថា ស្វាមីគ្រប់គ្នាត្រូវធ្វើជាអ្នកធំក្នុងនគរនោះទេ គឺគ្រាន់តែលើកឡើងនូវភាពសំខាន់មួយដែលនាងជាភរិយាមានចំណូលចិត្តត្រូវការចង់បានប៉ុណ្ណោះ។ ដូច្នេះស្វាមីត្រូវតែប្រគល់ភាពជាធំក្នុងការងារផ្ទះ មានការឯងខំខ្មីឃ្មាតធ្វើការងាររកប្រាក់ ឬទ្រព្យសម្បត្តិទុកដាក់ឲ្យភរិយាជាអ្នករក្សា មិនមែនថាមិនជួយគ្នាទេ គឺត្រូវជួយគ្នាណាស់ ប៉ុន្តែម្នាក់ៗត្រូវប្រាកដច្បាស់តាមតួនាទីរបស់ខ្លួន។
សិក្ខាបទទី៥ : ស្វាមីគប្បីសិក្សាថាអាត្មាអញត្រូវឲ្យនូវគ្រឿងប្រដាប់កាយសម្រាប់តែងខ្លួនដល់ភរិយា។
ជាធម្មតាស្ត្រីរមែងត្រូវការអលង្ការ ទោះបីតិចច្រើនយ៉ាងណាក៏ទៅតាមកម្លាំងទ្រព្យ ដូច្នេះ ស្វាមីគប្បីបំពេញចិត្តភរិយា ត្រង់ចំណុចនេះហាក់ដូចជាមិនចាំបាច់ប្រាប់សោះ ព្រោះថាបើបុរសស្រឡាញ់ស្ត្រីណាហើយក៏តែងប្រាថ្នាឲ្យអលង្ការដល់ស្ត្រីនោះ ណាមួយនាងជាភរិយាទៀតផង ពិតមែនតែភរិយាប្រដាប់អលង្ការប៉ុន្តែវាសង្ហាស្វាមីឯណេះទេតើ។
តាមពិត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីវត្ថុសម្រាប់សង្គ្រោះគ្រប់យ៉ាង ដើម្បីបណ្ដុះនូវពូជមេត្រីភាពឲ្យដល់សត្វលោក ដែលសត្វលោកកំពុងតែខ្វល់ខ្វាយក្នុងការស្រឡាញ់ស្អប់គាប់ទាស់ជារៀងរាល់ថ្ងៃមកនោះ។ អលង្ការនេះត្រូវបានជាតំណាងឲ្យមេត្តាចិត្តតំណាងឲ្យសេចក្ដីថ្លៃថ្នូរ តំណាងឲ្យសេចក្ដីស្មោះត្រង់ ។ល។ បដិសេធការមើលងាយមើលថោក ការវាយដំទាត់ធាក់ និង អំពើអាក្រក់ផ្សេងៗទៀត ដែលជាលាមកមិនមែនអលង្ការ។
ដកស្រង់ចេញពីសៀវភៅ សិក្ខាបទមនុស្សល្អ
No comments:
Post a Comment