មាន់ព្រៃជល់គ្នា
មាននិទានមាន់ព្រៃជល់គ្នា កាលជល់គ្នាមួយសន្ទុះធំមក ក៏ដឹងចាញ់ឈ្នះ មាន់ដែលចាញ់ក៏រត់គេចបាត់ទៅ ចំណែកមាន់ដែលឈ្នះក៏សប្បាយចិត្ត ទទះស្លាបនិងសម្ដែងអាកប្បកិរិយាផ្សេងៗ បង្អួតមាន់មេដែលនៅក្បែរនោះទៀតផង រួចហើយក៏ហើរទៅទំលើដំបូកខ្ពស់ ស្រែករងាវប្រកាសពីជ័យជម្នះរបស់ខ្លួន។
ពេលនោះ មានសត្វឥន្ទ្រីដ៏ធំមួយ បានហើរបោះពួយមកឆាបយកមាន់ដែលជាអ្នកឈ្នះនោះទៅធ្វើជាអាហារដ៏ឆ្ងាញ់មួយរំពេចទៅ។
រឿងមាន់ព្រៃដែលជល់ឈ្នះគេនេះបានអប់រំមនុស្សយើងយ៉ាងល្អ គឺពេលដែលយើងបានជួបប្រសព្វនូវសេចក្ដីសម្រេចក្នុងកិច្ចការយ៉ាងណាមួយ យើងមិនត្រូវអួតក្អេងក្អាង លើកតម្កើនខ្លួនឯងនោះឡើយ ព្រោះការអួតក្អេងក្អាង វានាំឲ្យដូចរឿងនិទានពីមាន់ព្រៃ ដែលជល់ឈ្នះគេនោះឯង។
ក្នុងលោកនេះ អ្នកដែលបានដល់នូវសេចក្ដីសម្រេចរមែងជាទីតាំងនៃការសម្លឹងមើលនៃអ្នកដទៃ ដ៏យ៉ាងច្រើនដូច្នេះ យើងគួរតែទន់ភ្លន់ បន្ទន់បន្ទាបខ្លួន ទើបអាចរស់នៅបានយូរតទៅ ហើយក៏រមែងមាននូវមិត្តភក្តិច្រើន ឯសត្រូវវិញបើមានក៏តិចតួចប៉ុណ្ណោះ។
មានព្រះពុទ្ធភាសិតមួយឃ្លា បានសម្ដែងទុកមកថា << ឈ្នះខ្លួនឯងប្រសើរជាង >> ។
ម្យ៉ាងទៀត សត្វឥន្ទ្រីក្នុងរឿងនិទាននេះ ជាឈ្មោះនៃកិលេសមារ។
សត្វស្លាប់ដោយសារសាច់
កាមគុណផ្ដាច់ជីវិតមនុស្ស។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
No comments:
Post a Comment